Friday, June 28, 2013

កម្ពុជាព្រមានសហភាពអ៊ឺរ៉ុបថាកំពុងតែ រំលោភអនុសញ្ញាទីក្រុងវីយ៉េន

REUTERS/Yves Herman
សូម​ស្តាប់​ស៊ុន មេសា​ លំអិត​ព័ត៌​មាន​​នេះ
(01:33)
រដ្ឋា​ភិបាល​កម្ពុជា បាន​ចេញ​កំណត់​ទូត ព្រមាន​សហភាព​អ៊ឺរ៉ុប ថា​កំពុង​តែបាន​រំលោភ​អនុសញ្ញា​ទី​ក្រុង​វី​យ៉េន ឆ្នាំ១៩៦១ ស្តី​ពី​ទំ​នាក់​ទំនង​ការ​ទូត។ កំណត់​ទូត​ដែល​បង្ហាញ​ពី​គោល​ជំហ​របស់​រដ្ឋា​ភិបាល​កម្ពុជា នា​ពេល​នេះ បាន​បញ្ជាក់​ថា កម្ពុជា​មិន​អាច​ទទួល​យក​បាន​ទេ នូវ​សេចក្តី​ថ្លែង​ការណ៍​របស់​សហភាព​អ៊ឺរ៉ុប ក្នុង​ឋានៈ​ជា​រដ្ឋ​ឯក​រាជ្យ និង​មាន​អធិបតេយ្យ។ នេះ​បើ​តាម​ខ្លឹម​សារ​នៃ​កំណត់​ទូត​ដែល​បាន​ផ្សព្វ​ផ្សាយ​នៅ​ថ្ងៃ​ទី​២៧ មិថុនា។
ខ្លឹម​សារ​កំណត់​ទូត​ដដែល​បាន​រំលឹក​ថា​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា តែង​តែ​ប្រព្រឹត្ត​ទៅ​ដោយ​សេរី មាន​តម្លា​ភាព និង​ជា​ការ​បោះ​ឆ្នោត​បែប​ប្រជា​ធិបតេយ្យ។

គួរ​បញ្ជាក់​ថា ដើម​ចង​ដែល​ធ្វើ​ឱ្យ​កម្ពុជា បង្ហាញ​ជា​គោល​ជំហរ​ព្រមាន​សហភាព​អ៊ឺរ៉ុប នោះ គឺ​បន្ទាប់​ពី​សហភាព​អ៊ឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា បាន​ចេញ​សេចក្តី​ថ្លែងការណ៍​របស់​ខ្លួន ស្នើ​ឱ្យ គជប គណៈ​កម្មាធិការ​ជាតិ​រៀប​ចំការ​បោះឆ្នោត​កម្ពុជា អនុវត្តន៍ អនុសាសន៍​ដែល​នៅសេស​សល់​របស់​ខ្លួន​កាល​ពី​ឆ្នាំ​២០០៨ កន្លង​ទៅ​។ អនុសាសន៍​ដែល​សហគមន៍​អ៊រ៉ុប ស្នើ​ឱ្យ​កម្ពុជា​អនុវត្ត​ឱ្យ​ស្មើភាព​គ្នា​លើ​ការ​ប្រើ​បា្រស់​ប្រព័ន្ធ​ ផ្សព្វ​ផ្សាយ​របស់​គណបក្ស​នយោ​បាយ និង​ការ​ទប់​ស្កាត់ ការ​ប្រើ​ប្រាស់​ធនធាន​រដ្ឋ​អំឡុង​ពេល​នៃ​យុទ្ធនាការ​នៃ​ការ​ឃោសនា​ បោះឆ្នោត។ ក្រៅ​ពី​នោះ សហភាព​អ៊ឺរ៉ុប ក៏​បាន​សង្កត់​ធ្ងន់​លើ ភាព​មិន​ប្រក្រតី​នៃ​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត ដែល​ស្នើ​ឱ្យ​មាន​ការ​កែ​លំអរ​ផង​ដែរ។

ទោះ​បី​ជា​យ៉ាង​ណា ករណី​ភាព​មិន​ប្រក្រតី​នៃ​បញ្ជីឈ្មោះ​អ្នក​បោះ​ឆ្នោត​ និង​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​ផ្សាយ​មិន​តម្លា​ភាព រួម​ទាំង​ការ​ប្រើ​ប្រាស់​ទ្រព្យ​សម្បត្តិ​រដ្ឋ ក្នុង​ការ​ឃោសនា​បោះ​ឆ្នោត​នោះ តែង​តែ​ជា​ប្រធាន​បទ​នៃ​ការ​រិះ​គន់ ដោយ​សង្គម​ស៊ីវិល និង​គណបក្ស​ប្រឆាំង​មក​លើ​រដ្ឋាភិបាល​កម្ពុជា​។ ហើយ​នៅ​ពេល​នេះ​ទៀត បញ្ហា​ដ៏​ចម្រូង​ទាំង​នេះ បាន​រាល​ដាល​ដល់​ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​កម្ពុជា និង​សហ​ភាព​អ៊ឺរ៉ុប៕ ថ្ងៃ សុក្រ 28 មិថុនា 2013
RFI        ដោយ ស៊ុន មេសា

0 comments:

Post a Comment